យេរេមា 5:18-24 KHOV

18 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មាន​គ្រា​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បំផ្លាញ​ឯង​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ

19 ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង នោះ​ទ្រង់​នឹង​ឆ្លើយ​ដល់​គេ​ថា ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​ឯង​ជា​យ៉ាង​ណា ឯង​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន​យ៉ាង​នោះ​ដែរ។

20 ចូរ​ថ្លែង​សេចក្តី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា

21 ឱ​ជន‌ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្តី​នេះ​ឥឡូវ​ចុះ

22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

23 តែ​ជន‌ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ

24 គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សំរាប់​ច្រូត​កាត់​ដល់​យើង​ដែរ នោះ​ឡើយ