យេរេមា 5:3-9 KHOV

3 ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​ទ្រង់ តើ​ទត​មិន​ឃើញ​សេចក្តី​ពិត​ទេ​ឬ​អី ទ្រង់​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អន្តរ‌ធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។

4 នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ

5 ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​ធំ ហើយ​និយាយ​នឹង​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ​ពិត ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញ​ផង

6 ដូច្នេះ​សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សំឡាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ។

7 ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​អត់​ទោស​ឲ្យ​ឯង​បាន ពួក​កូន​ចៅ​របស់​ឯង​បាន​បោះ‌បង់​ចោល​អញ​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​អញ​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​អញ​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​សំផឹង

8 គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា

9 ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ​អី។