យេរេមា 5:6-12 KHOV

6 ដូច្នេះ​សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សំឡាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ។

7 ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​អត់​ទោស​ឲ្យ​ឯង​បាន ពួក​កូន​ចៅ​របស់​ឯង​បាន​បោះ‌បង់​ចោល​អញ​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​អញ​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​អញ​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​សំផឹង

8 គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា

9 ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ​អី។

10 ចូរ​ឡើង​ទៅ​លើ​អស់​ទាំង​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ពី​ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទេ

11 ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12 គឺ​គេ​បាន​កុហក​ពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា មិន​មែន​ព្រះ​នោះ​ទេ ឯ​សេចក្តី​អាក្រក់​នឹង​មិន​មក​លើ​យើង​រាល់​គ្នា ហើយ​យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់‌អត់​ឡើយ