12 នោះម្តាយឯងរាល់គ្នានឹងមានសេចក្តីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់
13 ឥតមានអ្នកណានៅ ដោយព្រោះសេចក្តីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់នៅទទេ អស់អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូននឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្តីវេទនារបស់ទីក្រុង
14 នែ ពួកអ្នកដែលដំឡើងធ្នូអើយ ចូរដំរៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំឲ្យសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ
15 ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
16 ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចំរូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
17 ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ
18 ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ