យេរេមា 50:14-20 KHOV

14 នែ ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ ចូរ​ដំរៀប​គ្នា​នៅ​ព័ទ្ធ​ជុំវិញ ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​បាញ់​ទៅ កុំ​ឲ្យ​សំចៃ​ព្រួញ​ឡើយ ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ

15 ចូរ​ហ៊ោ​ឡើង​ជុំវិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សំរាប់​ការ‌ពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្តី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​ឯង

16 ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចំរូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។

17 ពួក​អ៊ីស្រា‌អែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ

18 ហេតុ​នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​នឹង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ

19 អញ​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត

20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្តី​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក ដែល​អញ​ទុក​ឲ្យ​សល់​នៅ។