18 ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ
19 អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នក ដែលអញទុកឲ្យសល់នៅ។
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់ឯង
22 មានឮសូរចំបាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសំបើម
23 ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
24 នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា