យេរេមា 50:19-25 KHOV

19 អញ​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត

20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្តី​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក ដែល​អញ​ទុក​ឲ្យ​សល់​នៅ។

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម​ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​ស្រុក​ពេកូឌ​ដែរ ចូរ​សំឡាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី ដែល​អញ​បាន​បង្គាប់​ដល់​ឯង

22 មាន​ឮ​សូរ​ចំបាំង​នៅ​ក្នុង​ស្រុក​ជា​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម

23 ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល​បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎

24 នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សំរាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា

25 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ