24 នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា
25 ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ
26 ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ
27 ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
28 មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។
29 ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
30 ហេតុនោះ ពួកកំឡោះៗរបស់គេនឹងដួលចុះ នៅក្នុងផ្លូវ ហើយអស់ទាំងមនុស្សថ្នឹកច្បាំងរបស់គេ នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា