យេរេមា 50:25-31 KHOV

25 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ

26 ចូរ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ពី​គ្រប់​ទី​ឆ្ងាយ​បំផុត ត្រូវ​ឲ្យ​បើក​ជង្រុក​គេ ត្រូវ​ឲ្យ​ជាន់​ឈ្លី​គំនរ​បំណែក​ទី​ក្រុង ហើយ​បំផ្លាញ​ឲ្យ​អស់​រលីង កុំ​ឲ្យ​មាន​សល់​អ្វី​ឡើយ

27 ចូរ​សំឡាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សំឡាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ

28 មាន​ឮ​សំឡេង​នៃ​ពួក​អ្នក ដែល​រត់​រួច​ពី​ក្រុង​បាប៊ីឡូន ដើម្បី​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​សង‌សឹក​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង‌សឹក​ស្នង​នឹង​ព្រះ‌វិហារ​នៃ​ទ្រង់។

29 ចូរ​ហៅ​ពួក​ពល​ធ្នូ ឲ្យ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ គឺ​អស់​អ្នក​ណា​ដែល​ធ្លាប់​យឹត​ធ្នូ ត្រូវ​ឲ្យ​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ កុំ​ឲ្យ​ពួក​គេ​ណា​មួយ​រួច​ឡើយ ចូរ​សង​តាម​ការ​ដែល​គេ​បាន​ធ្វើ​ចុះ ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​គេ​តាម​គ្រប់​ទាំង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដ្បិត​គេ​បាន​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

30 ហេតុ​នោះ ពួក​កំឡោះៗ​របស់​គេ​នឹង​ដួល​ចុះ នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​របស់​គេ នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

31 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ថ្ងៃ​កំណត់​របស់​ឯង​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ឯង