26 ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ
27 ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
28 មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។
29 ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
30 ហេតុនោះ ពួកកំឡោះៗរបស់គេនឹងដួលចុះ នៅក្នុងផ្លូវ ហើយអស់ទាំងមនុស្សថ្នឹកច្បាំងរបស់គេ នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ អញទាស់នឹងឯង ដ្បិតថ្ងៃកំណត់របស់ឯងបានមកដល់ហើយ គឺជាវេលាដែលអញនឹងធ្វើទោសដល់ឯង
32 នោះអ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ អញនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះគ្រប់ទាំងអស់ដែលនៅជុំវិញគេផង។