37 មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចំបាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ
38 មានរដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់ ក៏វក់នឹងរូបព្រះផង
39 ហេតុនោះសត្វព្រៃនៅទីស្ងាត់ ហើយចចក នឹងអាស្រ័យនៅទីនោះ ព្រមទាំងសត្វអូសទ្រីចផង ឥតមានមនុស្សណានៅស្រុកនោះជាដរាបតទៅ ក៏នឹងគ្មានអ្នកណានៅគ្រប់ទាំងដំណមនុស្សតរៀងទៅដែរ
40 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថានឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះទ្រង់បំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
41 មើល មានសាសន៍១មកពីទិសខាងជើង ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន បានត្រូវដាសឡើងពីចុងផែនដី
42 គេចាប់យកធ្នូ និងលំពែង ជាពួកសាហាវណាស់ ឥតមានត្រាប្រណីឡើយ សំឡេងគេឮសន្ធឹកដូចសមុទ្រ គេសុទ្ធតែជិះសេះ គេដំរៀបគ្នា ដូចជាមនុស្សដែលរៀបទៅច្បាំង ឱកូនស្រីក្រុងបាប៊ីឡូនអើយ គេមកទាស់នឹងឯងហើយ
43 ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តទ្រង់ក៏ខ្សោយទៅ មានសេចក្តីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសំរាលកូន