យេរេមា 50:39-45 KHOV

39 ហេតុ​នោះ​សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូសទ្រីច​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ​ដែរ

40 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា​នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ទី​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ឡើយ ដូច​កាល​ព្រះ​ទ្រង់​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​ទី​ក្រុង​នៅ​ជិត​ខាង​ទាំង​ប៉ុន្មាន​ដែរ។

41 មើល មាន​សាសន៍​១​មក​ពី​ទិស​ខាង​ជើង ជា​សាសន៍​យ៉ាង​ធំ និង​ស្តេច​ជា​ច្រើន បាន​ត្រូវ​ដាស​ឡើង​ពី​ចុង​ផែនដី

42 គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា‌ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​ដំរៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​ឯង​ហើយ

43 ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្តី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

44 មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន

45 ដូច្នេះ​ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា​ជា​សេចក្តី​ដែល​ទ្រង់​បាន​គិត​សំរេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​សំរេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ