យេរេមា 50:42-46 KHOV

42 គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា‌ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​ដំរៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​ឯង​ហើយ

43 ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្តី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

44 មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន

45 ដូច្នេះ​ចូរ​ស្តាប់​សេចក្តី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា​ជា​សេចក្តី​ដែល​ទ្រង់​បាន​គិត​សំរេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​សំរេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ

46 ផែនដី​ក៏​ញ័រ ដោយ​សូរ​នៃ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សំរែក​របស់​គេ​ក៏​បាន​ឮ នៅ​កណ្តាល​អស់​ទាំង​សាសន៍។