យេរេមា 50:6-12 KHOV

6 រាស្ត្រ​របស់​អញ​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​អ្នក​គង្វាល​របស់​គេ​បាន​បណ្តាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ​ទៅ

7 អស់​អ្នក​ណា​ដែល​ប្រទះ​នឹង​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ពោល​ថា យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្តី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​ពួក​ព្ធយុ‌កោ​គេ

8 ចូរ​រត់​ពី​កណ្តាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ

9 ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ

10 នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

11 នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង

12 នោះ​ម្តាយ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្តី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​ឯង​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់