យេរេមា 51:21-27 KHOV

21 អញ​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចំបាំង និង​អ្នក​បរ ដោយ‌សារ​ឯង

22 អញ​នឹង​បំបាក់​បំបែក​ទាំង​ប្រុស​ទាំង​ស្រី ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចាស់​ទាំង​ក្មេង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ពួក​កំឡោះ និង​ក្រមុំ ដោយ‌សារ​ឯង

23 អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​គង្វាល និង​ហ្វូង​សត្វ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​ភ្ជួរ និង​គោ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចៅ‌ហ្វាយ និង​នាយ​ផង ដោយ‌សារ​ឯង

24 ហើយ​អញ​នឹង​សង​ដល់​ក្រុង​បាប៊ីឡូន និង​ពួក​អ្នក​ស្រុក​ខាល់ដេ​ទាំង​ប៉ុន្មាន​នៅ​ភ្នែក​ឯង តាម​គ្រប់​ទាំង​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ដល់​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទំលាក់​ពី​លើ​ថ្មដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ

26 គេ​នឹង​មិន​យក​ថ្ម​ពី​ឯង សំរាប់​ធ្វើ​ជា​ថ្ម​ជ្រុង​ផ្ទះ ឬ​ជា​ឫស​ជញ្ជាំង​ឡើយ គឺ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ជា​ដរាប​ត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

27 ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង