23 អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល និងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារឯង
24 ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ
26 គេនឹងមិនយកថ្មពីឯង សំរាប់ធ្វើជាថ្មជ្រុងផ្ទះ ឬជាឫសជញ្ជាំងឡើយ គឺឯងនឹងត្រូវចោលស្ងាត់ជាដរាបតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27 ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្តាលសាសន៍ទាំងប៉ុន្មាន ត្រូវឲ្យប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង
28 ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល ដែលនៅក្រោមអំណាចគេផង
29 ផែនដីកំពុងញាប់ញ័រ ក៏ឈឺចាប់ ពីព្រោះការដែលព្រះយេហូវ៉ាទ្រង់សំរេចនឹងធ្វើដល់ក្រុងបាប៊ីឡូន នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូនត្រូវខូចបង់ ឥតមានអ្នកណានៅ