យេរេមា 51:29-35 KHOV

29 ផែនដី​កំពុង​ញាប់‌ញ័រ ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នឹង​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ

30 ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង

31 អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ

32 ឯ​ផ្លូវ​ទឹក គេ​ចាប់​យក​បាន ហើយ​វាល​បឹង​គេ​ដុត​អស់​ទៅ ដូច្នេះ ពួក​ទាហាន​មាន​ចិត្ត​ភ័យ​ខ្លាច។

33 ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង

34 នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ​បាន​លេប​ខ្ញុំ​ទៅ ដូច​ជា​សត្វ​សំបើម​ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ

35 សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​នឹង​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ពោល​ថា សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក នៅ​ស្រុក​ខាល់ដេ​ដែរ