38 គេនឹងស្រែកជាមួយគ្នា ដូចជាសិង្ហស្ទាវ គេនឹងគ្រហឹមដូចជាកូនសិង្ហ
39 កាលណាគេក្តៅខ្លួន នោះអញនឹងរៀបជប់លៀងឲ្យគេ អញនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់ទៅជានិច្ច ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
40 អញនឹងនាំគេចុះទៅដល់ទីសំឡាប់ ដូចជាកូនចៀមទាំងប៉ុន្មាន គឺដូចជាចៀមឈ្មោល និងពពែឈ្មោលផង។
41 សេសាកបានត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ អើ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
42 សមុទ្របានឡើងមកលើស្រុកបាប៊ីឡូន វាត្រូវគ្របដោយរលកដ៏ក្រាស់ក្រៃ
43 ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប ជាដីហួតហែង ជាវាលស្ងាត់ ជាទីដែលឥតមានអ្នកណានៅ ហើយគ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ
44 អញនឹងធ្វើទោសដល់ព្រះបាល នៅស្រុកបាប៊ីឡូន ហើយនឹងធ្វើឲ្យរបស់ទាំងប៉ុន្មាន ដែលវាបានលេបទៅ បានចេញពីមាត់មកវិញ នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។