យេរេមា 51:39-45 KHOV

39 កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

40 អញ​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សំឡាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង។

41 សេសាក​បាន​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ អើ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎

42 សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ

43 ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ ហើយ​គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ

44 អញ​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល នៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន ដែល​វា​បាន​លេប​ទៅ បាន​ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។

45 ឱ​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា