45 ឱរាស្ត្រអញអើយ ចូរចេញពីកណ្តាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា
46 កុំឲ្យឯងរាល់គ្នាស្រយុតចិត្តឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំ១ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹង១ទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេច១ទាស់នឹងស្តេច១ទៀត
47 ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា
48 គ្រានោះ ទាំងផ្ទៃមេឃ ហើយផែនដី និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
49 រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50 នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ
51 យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា