យេរេមា 51:48-54 KHOV

48 គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

49 រីឯ​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។

50 នែ ឯង​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ​កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចំងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ចូល​ក្នុង​គំនិត​ឯង​ដែរ

51 យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

52 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស​ក៏​នឹង​ថ្ងូរ នៅ​ពេញ​ក្នុង​ស្រុក

53 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចំរើន​កំឡាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹង‌រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​អញ​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។

54 មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក និង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ