52 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
53 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54 មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ
55 ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក
56 ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន
57 ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
58 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូននឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការ ឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។