57 ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
58 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូននឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការ ឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។
59 នេះជាពាក្យ ដែលហោរាយេរេមាបានផ្តាំ ដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ
60 យេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ
61 យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ
62 បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ
63 រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទំលាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ