6 ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្តីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ
7 ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ
8 ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន
9 យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង
10 ព្រះយេហូវ៉ាទ្រង់បាននាំសេចក្តីសុចរិតរបស់យើងចេញមកហើយ ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការនៃព្រះយេហូវ៉ា ជាព្រះនៃយើង។
11 ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់
12 ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកំឡាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានសំរេច ហើយបានបង្ហើយការ ដែលទ្រង់មានព្រះបន្ទូលពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន