1 ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសំគាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្តីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង
2 ឯកូនស្រីស៊ីយ៉ូនដ៏ល្អហើយរុងរឿង នោះអញនឹងបំផ្លាញបង់
3 ពួកអ្នកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅឯក្រុងនោះ គេនឹងដំឡើងត្រសាល នៅផ្ទល់មុខជុំវិញ គេនឹងឃ្វាលហ្វូងចៀមរបស់គេ តាមកន្លែងទីទៃពីគ្នា
4 ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំឡើង យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ
5 ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
6 ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
7 អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខអញជានិច្ច