យេរេមា 6:19-25 KHOV

19 ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ជន‌ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​អញ នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ

20 តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន​មក​ពី​ស្រុក​សេបា ហើយ​នឹង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឯ​អញ​ដូច្នេះ អញ​មិន​ទទួល​ដង្វាយ​ដុត​របស់​ឯង​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​ឯង ក៏​មិន​គាប់​ចិត្ត​ដល់​អញ​ដែរ

21 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ដាក់​ថ្ម​ចំពប់​មួយ នៅ​មុខ​ជន‌ជាតិ​នេះ ហើយ​ទាំង​ឪពុក និង​កូន​ផង​នឹង​ចំពប់​ចុះ​លើ​ថ្ម​នោះ​ជា​មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្រ​សំឡាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​បង់​ទាំង​អស់។

22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ជន‌ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​១​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កំរើក​ឡើង

23 គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ

24 យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្តី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សំរាល​កូន

25 កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្តី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ