យេរេមា 6:8-14 KHOV

8 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​ឯង​រាង‌ចាល​ចុះ ក្រែង​ព្រលឹង​អញ​ព្រាត់​ចេញ​ពី​ឯង ក្រែង​លោ​អញ​បំផ្លាញ​ឯង ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ

10 តើ​នឹង​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក​ទេ គេ​ស្តាប់​មិន​បាន មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ

11 ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើ​កូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំឡោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់‌ជរា និង​មនុស្ស​មាន​វ័យ​កន្លង​ផង

12 ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចំការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

13 ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ទៅ​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ នោះ​សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្តី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា ទៅ​ដល់​សង្ឃ នោះ​គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ

14 គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ