9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
10 តើនឹងឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែកទេ គេស្តាប់មិនបាន មើលព្រះបន្ទូលនៃព្រះយេហូវ៉ា បានត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ
11 ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំឡោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរា និងមនុស្សមានវ័យកន្លងផង
12 ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចំការ និងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13 ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្តីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ
14 គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ
15 កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្តីខ្មាសឬទេ ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ដូច្នេះ គេនឹងដួលទៅជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។