យេរេមា 7:13-19 KHOV

13 ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ

14 ហេតុ​នោះ​អញ​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​អញ គឺ​ជា​ទី​ដែល​ឯង​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា និង​ពួក​ព្ធយុ‌កោ​ឯង​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ

15 ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។

16 ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ

17 តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

18 គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង​ឡើង ហើយ​ពួក​ស្រីៗ​គេ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​ក្តៅ

19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​គេ​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​កំហឹង​មែន​ឬ តើ​មិន​មែន​ដល់​ខ្លួន​គេ​វិញ ដរាប​ដល់​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ​ផង​ទេ​ឬ​អី