យេរេមា 7:25-31 KHOV

25 ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង

26 ប៉ុន្តែ​ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​ព្ធយុ‌កោ​ទៅ​ទៀត។

27 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​ឯង​ទេ ហើយ​ឯង​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ

28 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្តី​ប្រៀន​ប្រដៅ​ឡើយ ឯ​សេចក្តី​ពិត នោះ​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។

29 ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ចេញ

30 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​អញ គេ​បាន​ទាំង​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​អាប់‌ឱន​ទៅ

31 គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​នឹង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ​ដែរ