28 ត្រូវឲ្យឯងប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏មិនបានទទួលសេចក្តីប្រៀនប្រដៅឡើយ ឯសេចក្តីពិត នោះបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។
29 ចូរកាត់សក់ឯងបោះចោលទៅ ហើយចាប់តាំងទួញទំនួញនៅលើទីខ្ពស់ចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបដិសេធ ហើយបោះបង់ចោលដំណមនុស្ស ដែលត្រូវសេចក្តីខ្ញាល់របស់ទ្រង់ចេញ
30 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកអញ គេបានទាំងដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញផង ដើម្បីនឹងធ្វើឲ្យអាប់ឱនទៅ
31 គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាន នៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណំម ដើម្បីនឹងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលអញមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតអញដែរ
32 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណំមតទៅ គឺនឹងហៅថាជាច្រកភ្នំនៃការសំឡេះវិញ ពីព្រោះគេនឹងកប់ខ្មោចនៅត្រង់តូផែតនោះទាល់តែគ្មានកន្លែងទំនេរទៀត
33 ហើយខ្មោចទាំងប៉ុន្មានរបស់ជនជាតិនេះ នឹងជាចំណីដល់សត្វហើរលើអាកាស និងដល់សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ
34 នៅគ្រានោះអញនឹងធ្វើឲ្យបាត់ឮសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីអស់ទាំងក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រឡប់ជាទីសូន្យបង់។