យេរេមា 7:30-34 KHOV

30 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​អញ គេ​បាន​ទាំង​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​អាប់‌ឱន​ទៅ

31 គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​នឹង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ​ដែរ

32 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម​ត​ទៅ គឺ​នឹង​ហៅ​ថា​ជា​ច្រក​ភ្នំ​នៃ​ការ​សំឡេះ​វិញ ពី​ព្រោះ​គេ​នឹង​កប់​ខ្មោច​នៅ​ត្រង់​តូផែត​នោះ​ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត

33 ហើយ​ខ្មោច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​នេះ នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ

34 នៅ​គ្រា​នោះ​អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សំឡេង​អំណរ និង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​អស់​ទាំង​ក្រុង​ស្រុក​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៅ ពី​ព្រោះ​ស្រុក​នេះ​នឹង​ត្រឡប់​ជា​ទី​សូន្យ​បង់។