17 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យឯងរាល់គ្នាពិចារណាចុះ រួចឲ្យហៅពួកស្រីអ្នកយំ ឲ្យគេមក ចូរចាត់ទៅហៅពួកស្រីវាងវៃឲ្យមកដែរ
18 ត្រូវឲ្យគេប្រញាប់ឡើង នឹងលើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច
19 ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្តីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានរំលំទីលំនៅរបស់យើងបង់
20 ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូលពីព្រះឱស្ឋទ្រង់ផង ត្រូវឲ្យបង្រៀនកូនស្រីរបស់ឯងរាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មានចេះទួញទំនួញ
21 ពីព្រោះសេចក្តីស្លាប់បានឡើងចូលមក តាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីនឹងបំបាត់កូនក្មេងពីខាងក្រៅ ហើយពួកកំឡោះៗពីផ្លូវចេញ
22 ចូរប្រាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សាកសពនៃមនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្តាប់ស្រូវតាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ