យេរេមា 9:19-25 KHOV

19 ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ​របស់​យើង​បង់

20 ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់​ផង ត្រូវ​ឲ្យ​បង្រៀន​កូន​ស្រី​របស់​ឯង​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន​ចេះ​ទួញ​ទំនួញ

21 ពី​ព្រោះ​សេចក្តី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំឡោះៗ​ពី​ផ្លូវ​ចេញ

22 ចូរ​ប្រាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សាក‌សព​នៃ​មនុស្ស​នឹង​ធ្លាក់​ចុះ ដូច​ជា​ជី​នៅ​វាល​ស្រែ ហើយ​ដូច​ជា​កណ្តាប់​ស្រូវ​តាម​ក្រោយ​អ្នក​ច្រូត ឥត​មាន​អ្នក​ណា​ប្រមូល​វិញ​ឡើយ។

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ

24 ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្តី​សប្បុរស សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្តី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់