យេរេមា 9:3-9 KHOV

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សំរាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចំរើន​កំឡាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សំរាប់​សេចក្តី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ

4 ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ

5 គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្តី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្តី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្តី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។

7 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ

8 អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្តី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្តី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។