4 ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
5 គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្តីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្តីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្តីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
7 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ
8 អណ្តាតគេជាព្រួញដែលសំឡាប់ ក៏ពោលសុទ្ធតែសេចក្តីប្រវ័ញ្ចបញ្ឆោត គេនិយាយសេចក្តីមេត្រីនឹងអ្នកជិតខាងដោយបបូរមាត់ តែឯក្នុងចិត្ត នោះគេលបចាំចាប់វិញ
9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើមិនត្រូវឲ្យអញធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬអី។
10 ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ហើយនឹងទួញទំនួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ពីព្រោះបានឆេះអស់ហើយ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើង៤បានបាត់អស់ទៅហើយ។