យេរេមា 9:7-13 KHOV

7 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ

8 អណ្តាត​គេ​ជា​ព្រួញ​ដែល​សំឡាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្តី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្តី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។

10 ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នឹង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។

11 អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ

12 តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្តី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​អញ​ប៉ុណ្ណោះ