15 ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រ ដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង
16 ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
17 ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ
18 លុះដល់ថ្ងៃទី៧ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបំរើរបស់ដាវីឌ គេខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា មើលកាលបុត្រមានព្រះជន្មរស់នៅឡើយ នោះយើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៅ នោះតើនឹងធ្វើទុក្ខដល់អង្គទ្រង់យ៉ាងណាទៅទៀត
19 ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបំរើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបំរើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ
20 នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមកកាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបំរើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ
21 ដូច្នេះ ពួកមហាតលិកទូលសួរថា យ៉ាងដូចម្តេចហ្ន៍ ដែលទ្រង់ប្រព្រឹត្តដូច្នេះនេះ ដ្បិតកាលបុត្រមានព្រះជន្មនៅឡើយ នោះទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ នោះបែរជាទ្រង់តើនឡើងសោយព្រះស្ងោយវិញ