២ សាំយូអែល 11 KHOV

ស្តេច​ដាវីឌ និង​នាង​បាត‌សេបា

1 ដល់​១​ខួប​ក្រោយ​មក ក្នុង​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន នោះ​ដាវីឌ​ទ្រង់​ចាត់​យ៉ូអាប់ ព្រម​ទាំង​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​ក៏​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ។

2 មាន​កាល​១​ថ្ងៃ ពេល​ជិត​ងងឹត​ហើយ នោះ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​តែ​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់

3 ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា នាង​ឈ្មោះ​បាត‌សេបា​ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត

4 នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​យក​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នឹង​នាង​ទៅ ដ្បិត​នាង​ទើប​នឹង​បាន​ស្អាត​ពី​រដូវ​នាង​ហើយ រួច​នាង​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ

5 នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ។

6 នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ឯ​យើង ដូច្នេះ យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​ឯ​ដាវីឌ

7 កាល​គាត់​បាន​ទៅ​ដល់​ហើយ នោះ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្តា​ទ័ព និង​ពី​ការ​សង្គ្រាម​បាន​ជា​យ៉ាង​ណា

8 រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ៊ូរី​ថា ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់

9 ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់​វិញ ឥត​បាន​ចុះ​ទៅ​ឯ​ផ្ទះ​ខ្លួន​ទេ

10 កាល​គេ​ទូល​ដាវីឌ​ថា អ៊ូរី​មិន​បាន​ចុះ​ទៅ​ឯ​គាត់​ផ្ទះ​ទេ នោះ​ទ្រង់​សួរ​អ៊ូរី​ថា តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ​អី ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ឯ​ផ្ទះ

11 នោះ​អ៊ូរី​ទូល​ឆ្លើយ​ថា ហឹប​នៃ​ព្រះ និង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​យូដា​សុទ្ធ​តែ​នៅ​ក្នុង​បង្ហារ ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​ផង​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ឯ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ទូល‌បង្គំ​ដូច​ម្តេច​កើត ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់ និង​ព្រលឹង​ទ្រង់​ដ៏​មាន​ជីវិត​រស់​នៅ​ថា ទូល‌បង្គំ​មិន​ព្រម​ធ្វើ​ដូច្នោះ​ឡើយ

12 នោះ​ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា បើ​ដូច្នេះ ចូរ​ឯង​ទៅ​ឯ​ណេះ​ក្នុង​ថ្ងៃ​នេះ​ទៀត​ចុះ ស្អែក​ឡើង​យើង​នឹង​ឲ្យ​ឯង​ទៅ​វិញ នោះ​អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត

13 កាល​ដាវីឌ​ទ្រង់​ហៅ​គាត់​មក នោះ​គាត់​ក៏​បរិភោគ​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង តែ​ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត ឥត​មាន​ចុះ​ទៅ​ឯ​ផ្ទះ​ឡើយ។

14 ដល់​ព្រឹក​ឡើង ដាវីឌ​ទ្រង់​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​ដោយ‌សារ​អ៊ូរី

15 ក្នុង​សំបុត្រ​នោះ​មាន​សេចក្តី​បង្គាប់​ថា ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​វា​ទៅ​ឲ្យ​គេ​បាន​វាយ​សំឡាប់​ចេញ។

មរណ‌ភាព​របស់​លោក​អ៊ូរី

16 ដូច្នេះ យ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​ឯ​កន្លែង​១ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ

17 ពួក​ទ័ព​ក្នុង​ក្រុង​នោះ​ក៏​ចេញ​មក​ច្បាំង​នឹង​យ៉ូអាប់ ហើយ​មាន​ពួក​ពល‌ទ័ព​របស់​ដាវីឌ​ខ្លះ​បាន​ដួល​ស្លាប់ ឯ​អ៊ូរី​ជា​សាសន៍​ហេត​គាត់​ក៏​ស្លាប់​ដែរ

18 នោះ​យ៉ូអាប់​ចាត់​ម្នាក់ ឲ្យ​នាំ​ដំណឹង​ទៅ​ទូល​ដល់​ដាវីឌ ពី​រឿង​ចំបាំង

19 លោក​បង្គាប់​អ្នក​នោះ​ថា កាល​ណា​ឯង​បាន​រាប់‌រៀប​ទូល​ពី​រឿង​ច្បាំង​ដល់​ស្តេច​រួច​ហើយ

20 នោះ​បើ​សិន​ជា​ស្តេច​ទ្រង់​ក្រោធ ហើយ​បន្ទោស​ថា ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ច្បាំង ជិត​ទី​ក្រុង​អី​ម៉្លេះ តើ​ឯង​មិន​ដឹង​ជា​គេ​នឹង​បាញ់ ពី​លើ​កំផែង​មក​ទេ​ឬ​អី

21 តើ​អ្នក​ណា​បាន​សំឡាប់​អ័ប៊ី‌ម៉ាលេក ជា​កូន​យេរូ-បាល តើ​មិន​មែន​ជា​ស្រី​ដែល​ទំលាក់​ត្បាល់‌កិន​ពី​លើ​កំផែង​មក​លើ​វា ឲ្យ​ស្លាប់​នៅ​ត្រង់​ថេបេស​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ចូល​ទៅ​ជិត​កំផែង​យ៉ាង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ឆ្លើយ​យ៉ាង​នេះ​ថា អ៊ូរី សាសន៍​ហេត ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​ស្លាប់​ដែរ។

22 អ្នក​នាំ​ដំណឹង​ក៏​ទៅ​ទូល​ដល់​ដាវីឌ តាម​សេចក្តី​ដែល​យ៉ូអាប់​បាន​បង្គាប់​គ្រប់​ប្រការ

23 គាត់​ទូល​ថា ពួក​ពល​គេ​មាន​កំឡាំង​ជាង​ពួក​ទូល‌បង្គំ គេ​ចេញ​មក​ដល់​ទូល‌បង្គំ​ទាំង‌ឡាយ​នៅ​ឯ​វាល ហើយ​ពួក​ទូល‌បង្គំ​ក៏​ដេញ​គេ​ទៅ​វិញ រហូត​ដល់​ទ្វារ​ក្រុង

24 នោះ​ពួក​ពល​ធ្នូ គេ​បាញ់​ពី​កំផែង​មក​លើ​ពួក​បាវ​បំរើ​នៃ​ទ្រង់ ហើយ​មាន​ពួក​អ្នក​បំរើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បំរើ​ទ្រង់ ក៏​ស្លាប់​ដែរ

25 នោះ​ដាវីឌ មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា ចូរ​ឯង​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា កុំ​ឲ្យ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ពី​ព្រោះ​ដាវ​តែង​សំឡាប់​អ្នក​១​ដូច​ជា​អ្នក​១ ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន​ចុះ ចូរ​ឯង​និយាយ​កំឡា​ចិត្ត​លោក​ឡើង។

26 កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្ដី​ស្លាប់​ហើយ នោះ​នាង​ក៏​យំ​សោក​នឹង​ប្ដី

27 លុះ​វេលា​កាន់​ទុក្ខ​បាន​គ្រប់​កំណត់​ហើយ នោះ​ដាវីឌ​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយា​ទ្រង់ ហើយ​បង្កើត​បាន​បុត្រា​១​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ជា​ទី​ទាស់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា​ណាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24