1 មានមួយគ្រាទៀត ដែលព្រះយេហូវ៉ាទ្រង់មានសេចក្តីខ្ញាល់ឆួលឡើងចំពោះពួកអ៊ីស្រាអែល ហើយទ្រង់បណ្តាលដាវីឌឲ្យប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ
2 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ ជាមេទ័ពដែលនៅចំពោះទ្រង់ថា ចូរឲ្យដើរទៅមកគ្រប់ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ហើយរាប់បណ្តាជនទាំងឡាយ ដើម្បីឲ្យយើងបានដឹងចំនួន
3 យ៉ូអាប់ទូលទាស់ថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បន្ថែមពួកជនឲ្យមានចំនួន១០០ដងលើសទៅទៀត ហើយសូមឲ្យព្រះនេត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានឃើញផង តែហេតុអ្វីបានជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យក្នុងការនោះ
4 ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះយ៉ូអាប់ ហើយនឹងពួកមេទ័ព រួចយ៉ូអាប់ និងពួកមេទ័ព ក៏ចេញពីចំពោះស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល
5 គេឆ្លងទន្លេយ័រដាន់ ទៅដំឡើងត្រសាលនៅត្រង់អារ៉ូអ៊ើរ ជាខាងស្តាំទីក្រុងដែលនៅកណ្តាលច្រកភ្នំ ខាងស្រុកកាឌ់ ជិតយ៉ាស៊ើរ
6 រួចគេទៅដល់ស្រុកកាឡាត និងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
7 គេទៅដល់បន្ទាយក្រុងទីរ៉ុស ហើយអស់ទាំងទីក្រុងរបស់សាសន៍ហេវី និងសាសន៍កាណាន រួចគេបែរទៅខាងត្បូងស្រុកយូដាត្រង់បៀរ-សេបា
8 ដូច្នេះ កាលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងអស់រួចហើយ ដល់ផុត៩ខែ២០ថ្ងៃ នោះគេវិលមកដល់ក្រុងយេរូសាឡិមវិញ
9 យ៉ូអាប់ក៏ប្រគល់បញ្ជីពួកជនទាំងឡាយដល់ស្តេច ឃើញមានមនុស្សខ្លាំងពូកែ ដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួន៨សែននាក់ ហើយក្នុងពួកយូដាមាន៥សែននាក់។
10 ក្រោយដែលរាប់ចំនួនបណ្តាជនហើយ នោះដាវីឌមានព្រះទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកចោលទោសនៃការអាក្រក់របស់ទូលបង្គំ ជាបាវបំរើទ្រង់ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់
11 ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
12 ឲ្យទៅទូលដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្តីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
13 ដូច្នេះ កាឌ់ក៏ទៅឯដាវីឌទូលថា តើព្រះករុណាសព្វព្រះហឫទ័យយ៉ាងណា ចង់ឲ្យមានអំណត់៧ឆ្នាំនៅក្នុងនគរ ឬចង់រត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាង៣ខែ កំពុងដែលគេដេញតាម ឬឲ្យមានជំងឺអាសន្នរោគអស់៣ថ្ងៃនៅក្នុងនគរវិញ សូមពិចារណាឥឡូវចុះ ហើយមានព្រះបន្ទូលមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលទ្រង់ចាត់ឲ្យទូលបង្គំមក
14 ដាវីឌមានព្រះបន្ទូលតបថា យើងមានសេចក្តីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្តីមេត្តាករុណារបស់ទ្រង់ធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ។
15 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួន៧ម៉ឺននាក់
16 តែកាលទេវតាលើកដៃទៅ ដើម្បីនឹងបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យរំជួលថយចេញពីការអាក្រក់នោះ ក៏មានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញបណ្តាជនថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស
17 ឯដាវីឌ កាលទ្រង់ទតឃើញទេវតា ដែលបានប្រហារពួកជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី សូមឲ្យព្រះហស្តនៃទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សបិតារបស់ទូលបង្គំវិញចុះ។
18 នៅថ្ងៃនោះឯង កាឌ់ក៏ចូលមកគាល់ដាវីឌ ទូលថា សូមព្រះករុណាឡើងទៅស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ
19 ដូច្នេះ ដាវីឌក៏ឡើងទៅតាមពាក្យរបស់កាឌ់ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
20 ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា
21 បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមកឯទូលបង្គំមានការអ្វី ដាវីឌឆ្លើយថា មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ប្រយោជន៍ឲ្យសេចក្តីវេទនានេះបានថយចេញពីពួកជនទៅ
22 អ័រ៉ៅណាទូលទ្រង់ថា បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះទ័យ មើល មានគោនេះសំរាប់ដង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់
23 អ័រ៉ៅណាក៏ថ្វាយទាំងអស់នោះ ដល់ស្តេច ដោយពាក្យថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់ទទួលទ្រង់ផង
24 តែស្តេចមានព្រះបន្ទូលទៅអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញពីឯងតាមដំឡៃវិញ យើងមិនព្រមយករបស់ ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ ដូច្នេះ ដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ ដំឡៃជាប្រាក់៥០រៀល
25 រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត និងដង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្តីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្តីវេទនានោះ ក៏ថយពីពួកអ៊ីស្រាអែលទៅ។:៚