1 កាលដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបំរើរបស់មភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលា២ចងកែបជាស្រេច ផ្ទុកដោយនំបុ័ង២០០ដុំ ទំពាំងបាយជូរក្រៀម១០០ចង្កោម ហើយផ្លែរដូវក្តៅ១០០ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង
2 ស្តេចទ្រង់មានព្រះបន្ទូលសួរស៊ីបាថា ឯងយករបស់ទាំងនេះមកធ្វើអី ស៊ីបាទូលថា សត្វលាសំរាប់ជាជំនិះដល់ពួកព្រះរាជវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅសំរាប់ឲ្យពួកកំឡោះៗបរិភោគ ហើយស្រាទំពាំងបាយជូរសំរាប់អ្នកណា ដែលហេវនៅទីរហោស្ថាន
3 ស្តេចទ្រង់សួរថា តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា ស៊ីបាទូលថា លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកអញវិញ
4 នោះស្តេចមានព្រះបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
5 រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
6 ក៏យកថ្មចោលដាវីឌ ហើយនឹងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជន និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង
7 ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ
8 ព្រះយេហូវ៉ាបានទំលាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។
9 នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ
10 ស្តេចមានព្រះបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើងនឹងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះតើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ
11 រួចដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា មើល អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់វាមកហើយ
12 ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្តីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្តីល្អមកយើង ជំនួសសេចក្តីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ
13 នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង
14 យ៉ាងនោះស្តេច និងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។
15 រីឯអាប់សាឡំម និងជនជាតិអ៊ីស្រាអែលទាំងអស់គ្នា គេក៏មកដល់ក្រុងយេរូសាឡិម មានទាំងអ័ហ៊ីថូផែលមកជាមួយដែរ
16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន
17 អាប់សាឡំមមានព្រះបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ
18 នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ
19 មួយសោតទៀត តើគួរឲ្យទូលបង្គំបានបំរើចំពោះអ្នកណា តើមិនគួរឲ្យបំរើនៅចំពោះព្រះរាជបុត្រាទេឬអី ដូច្នេះ ទូលបង្គំនឹងបំរើនៅចំពោះព្រះករុណា ដូចជាបានបំរើនៅចំពោះព្រះវរបិតាដែរ។
20 នោះអាប់សាឡំមមានព្រះបន្ទូល ទៅអ័ហ៊ីថូផែលថា ចូរបង្ហាញគំនិតរបស់អ្នក ឲ្យយើងដឹងជាធ្វើយ៉ាងណាផង
21 អ័ហ៊ីថូផែលក៏ឆ្លើយថា ដូច្នេះ សូមទ្រង់ចូលទៅឯពួកអ្នកម្នាងរបស់ព្រះបិតាទ្រង់ ដែលបានទុកឲ្យរក្សាដំណាក់ចុះ នោះពួកអ៊ីស្រាអែលទាំងអស់នឹងដឹងថា ព្រះបិតាទ្រង់បានស្អប់ខ្ពើមដល់ទ្រង់ហើយ នោះពួកអ្នកទាំងប៉ុន្មានដែលនៅជាមួយនឹងទ្រង់ គេនឹងបានចំរើនកំឡាំងដៃឡើង
22 ដូច្នេះ គេក៏ដំឡើងត្រសាលនៅលើដំបូលដំណាក់ថ្វាយអាប់សាឡំម រួចទ្រង់ក៏ចូលទៅឯពួកអ្នកម្នាងរបស់បិតាទ្រង់ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញច្បាស់
23 ឯគំនិតរបស់អ័ហ៊ីថូផែល ដែលសំដែងមកនៅគ្រានោះ ក៏ដូចជាអ្នកណាបានទូលសួរចំពោះព្រះហើយ ឯការដែលលោកជួយគំនិត ដល់ទាំងដាវីឌ និងអាប់សាឡំមផង ក៏យ៉ាងនោះទាំងអស់។