1 ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានព្រះបន្ទូលថា ចូរទៅឯហេប្រុនចុះ
2 ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល
3 ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។
4 មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
5 នោះដាវីឌទ្រង់ចាត់សារ ឲ្យទៅឯពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា សូមឲ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសំដែងសេចក្តីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់
6 ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាទ្រង់សំដែងសេចក្តីសប្បុរស ហើយនឹងសេចក្តីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយនូវការសប្បុរសនោះដែរ
7 ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកំឡាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។
8 រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
9 ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់
10 ឯអ៊ីស-បូសែត ជាបុត្រាសូលនេះ ទ្រង់មានព្រះជន្ម៤០ឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបាន២ឆ្នាំ តែពួកជនជាតិយូដា គេប្រតិបត្តិតាមដាវីឌវិញ
11 ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បាន៧ឆ្នាំ៦ខែ។
12 ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
13 ហើយយ៉ូអាប់ ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នា នៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងពួក១ ម្ខាងពួក១
14 នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា ចូរឲ្យពួកកំឡោះៗក្រោកឡើងលេងគ្នានៅមុខយើងទៅ យ៉ូអាប់ក៏ឆ្លើយថា ចូរឲ្យគេក្រោកឡើងចុះ
15 នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមាន១២នាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រាសូល ហើយ១២នាក់ដំណាងខាងពួកដាវីឌ
16 គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ទីនោះនៅត្រង់គីបៀន
17 រួចនៅថ្ងៃនោះ ចំបាំងក៏សាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃនៃពួកខាងដាវីឌ។
18 រីឯយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
19 គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
20 នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា តើឯងឬអីអេសាអែលអើយ គាត់ឆ្លើយថា គឺអញនេះហើយ
21 ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា ចូរឯងបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីនឹងចាប់កំឡោះណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ
22 អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ ជាបងឯងបាន
23 ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24 យ៉ូអាប់ និងអ័ប៊ីសាយ គេចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច
25 ចំណែកពួកខាងបេនយ៉ាមីន គេមូលផ្តុំគ្នាជាពួក១នឹងអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំ១
26 នោះអ័ប៊ីនើរក៏ស្រែកហៅទៅយ៉ូអាប់ថា តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរាបដរាបឬ តើមិនដឹងទេឬអី ថាដល់ចុងបំផុតនឹងមានសេចក្តីជូរចត់ ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពល ឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ
27 យ៉ូអាប់ឆ្លើយថា ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ នោះដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មាន បានចេញទៅលែងដេញតាមបងប្អូនគេរៀងខ្លួនហើយ
28 ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នឹងនៅ គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ
29 ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
30 យ៉ូអាប់ក៏វិលត្រឡប់មក ពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនឹងអេសាអែលប៉ុណ្ណោះ
31 តែពួកពលរបស់ដាវីឌ បានវាយសំឡាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់៣៦០នាក់
32 រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញ១យប់នោះ មកដល់ក្រុងហេប្រុន នៅពេលថ្ងៃទើបនឹងភ្លឺ។