២ សាំយូអែល 1 KHOV

រាជ្យ​របស់​ស្តេច​ដាវីឌ

ដាវីឌ​ទទួល​ដំណឹង​អំពី​ការ​សោយ‌ទិវង្គត​របស់​ស្តេច​សូល

1 រីឯ​ក្រោយ​ដែល​សូល​បាន​សុគត​ហើយ កាល​ដាវីឌ​បាន​ត្រឡប់​មក ពី​វាយ​ពួក​អាម៉ា‌លេក​វិញ ហើយ​បាន​នៅ​ក្រុង​ស៊ីក‌ឡាក់​អស់​២​ថ្ងៃ

2 នោះ​ដល់​ថ្ងៃ​ទី​៣ មាន​មនុស្ស​ម្នាក់​មក​ពី​ទី​បោះ​ទ័ព​របស់​សូល ស្លៀក‌ពាក់​រហែក‌រហោក ហើយ​មាន​ដី​នៅ​លើ​ក្បាល កាល​មក​ដល់​ដាវីឌ នោះ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព

3 ដាវីឌ​សួរ​ថា អ្នក​មក​ពី​ណា គាត់​ជំរាប​ថា ខ្ញុំ​បាន​រត់​រួច​មក​ពី​កង‌ទ័ព​អ៊ីស្រា‌អែល

4 ដាវីឌ​សួរ​ថា ចុះ​យ៉ាង​ដូច​ម្តេច​ទៅ សូម​ប្រាប់​ខ្ញុំ​ផង គាត់​ជំរាប​ថា ពួក​បណ្តា‌ទ័ព​បាន​រត់​ពី​ចំបាំង​ចេញ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ក៏​បាន​សុគត​ហើយ

5 រួច​ដាវីឌ​សួរ​អ្នក​កំឡោះ ដែល​នាំ​ដំណឹង​មក​ជំរាប​នោះ​ថា ដូច​ម្តេច​បាន​ជា​អ្នក​ដឹង​ថា សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ​ដូច្នោះ

6 មនុស្ស​កំឡោះ​នោះ​ជំរាប​ថា គាប់​ជួន​ជា​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ នោះ​ឃើញ​សូល​ទ្រង់​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​ជា​ប្រកិត

7 កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

8 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯង​ជា​អ្នក​ណា ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌លេក

9 នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់

10 ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ដោយ​ខ្ញុំ​ដឹង​ពិត​ថា ដែល​ទ្រង់​ដួល​ដូច្នេះ​ហើយ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង‌កន់​ដែល​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ខ្ញុំ​បាន​នាំ​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ។

11 នោះ​ដាវីឌ​ក៏​ចាប់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ

12 គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ ហើយ​តម​អាហារ ដរាប​ដល់​ល្ងាច ដោយ​ព្រោះ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ និង​ពួក​ទ័ព​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ព្រោះ​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ

13 រួច​ដាវីឌ​លោក​សួរ​មនុស្ស​កំឡោះ ដែល​នាំ​ដំណឹង​មក​នោះ​ថា អ្នក​ជា​សាសន៍​ណា គាត់​ជំរាប​ថា ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌លេក

14 ដាវីឌ​សួរ​ទៀត​ថា ម្តេច​ក៏​អ្នក​មិន​ខ្លាច​នឹង​លូក​ដៃ​ទៅ​សំឡាប់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ដូច្នោះ

15 នោះ​ដាវីឌ​ក៏​ហៅ​ពួក​កំឡោះ​ម្នាក់​មក​ប្រាប់​ថា ចូល​ទៅ​សំឡាប់​អ្នក​នោះ​ចោល​ចុះ គេ​ក៏​ប្រហារ​ឲ្យ​ស្លាប់​ទៅ

16 រួច​ដាវីឌ​មាន​ប្រសាសន៍​ថា ចូរ​ឲ្យ​ឈាម​អ្នក​ធ្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន អ្នក​ហើយ​ថា អ្នក​បាន​សំឡាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

ទំនួញ​របស់​ដាវីឌ

17 នេះ​ជា​បទ​ទំនួញ ដែល​ដាវីឌ​បាន​លើក​និពន្ធ​ទុក​ពី​ដំណើរ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់

18 លោក​ក៏​បង្គាប់​ឲ្យ​គេ​បង្រៀន​បទ​ចំរៀង​ពី​ធ្នូ​នេះ ដល់​ពួក​កូន​ចៅ​យូដា ឯ​បទ​នេះ​សឹង​មាន​កត់​ទុក នៅ​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ ថា

19 ឱ​សាសន៍​អ៊ីស្រា‌អែល​អើយ អ្នក​ដ៏​ជា​សិរី‌ល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះ‌ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ

20 កុំ​ឲ្យ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ ក៏​កុំ​ឲ្យ​ប្រកាស​ប្រាប់ តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​នៃ​សាសន៍​ភីលីស្ទីន​គេ​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​នៃ​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ

21 ឱ​ភ្នំ​គីលបោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ស្រែ​ពេញ​ដោយ​ដង្វាយ​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះ​ខែល​នៃ​ពួក​ខ្លាំង​ពូកែ​បាន​ត្រូវ​បង្អាប់ គឺ​ជា​ខែល​របស់​សូល ទុក​ដូច​ជា​មិន​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើយ​សោះ

22 ឯ​ធ្នូ​របស់​យ៉ូណា‌ថាន នោះ​មិន​បាន​ថយ​ចេញ​ពី​ឈាម​នៃ​មនុស្ស​របួស ឬ​ពី​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ​ឡើយ ដាវ​របស់​សូល​ក៏​មិន​បាន​មក​វិញ​ទទេ​ដែរ

23 សូល និង​យ៉ូណា‌ថាន ជា​ទី​គួរ​ស្រឡាញ់ គួរ​រីក‌រាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ

24 ឱ​ពួក​កូន​ស្រី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​យំ​សោក​នឹង​សូល​ដែល​ទ្រង់​បាន​ចាត់‌ចែង ឲ្យ​ឯង​ស្លៀក‌ពាក់ ដោយ​សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សំលៀក‌បំពាក់​ឲ្យ​ឯង​ដោយ​គ្រឿង​មាស

25 ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណា‌ថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង

26 ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​មាន​សេចក្តី​ទុក្ខ​ចំពោះ​បង ដោយ​ព្រោះ​បង​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ​ណាស់ ហើយ​ដែល​បង​ស្រឡាញ់​ដល់​ខ្ញុំ នោះ​ជា​ទី​អស្ចារ្យ ក៏​លើស​ជាង​សេចក្តី​ស្រឡាញ់​របស់​ស្រីៗ​ផង

27 ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24