1 កាលអ៊ីស-បូសែត ជាបុត្រាសូល បានជ្រាបថា អ័ប៊ីនើរស្លាប់នៅក្រុងហេប្រុនដូច្នោះ នោះព្រះហស្តទ្រង់ក៏អន់ថយកំឡាំងទៅ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាក៏មានសេចក្តីរន្ធត់
2 រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ
3 ហើយពួកប្អៀរ៉ុតនោះ បានរត់ទៅតាំងទីលំនៅ នៅឯគីថែមវិញ ដរាបដល់សព្វថ្ងៃនេះ។
4 ចំណែកយ៉ូណាថានជាបុត្រាសូលទ្រង់មានបុត្រា១នាមជាមភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្ម៥ឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
5 រីឯរេកាប និងប្អាណា ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះគេក៏ទៅឯដំណាក់អ៊ីស-បូសែត ក្នុងពេលប្រហែលជាថ្ងៃពេញកំដៅ កំពុងដែលទ្រង់ផ្ទំនៅវេលាថ្ងៃត្រង់
6 គេចូលទៅក្នុងដំណាក់ ធ្វើដូចជាចូលទៅយកស្រូវភោជ្ជសាលី ក៏ចាក់ទ្រង់ត្រង់ឧទរសំឡាប់ទៅ រួចនាំគ្នារត់ទៅបាត់
7 រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សំរាប់ផ្ទំ នោះគេបានធ្វើគុតទ្រង់ទៅ រួចកាត់យកព្រះសិរចេញ ទៅតាមផ្លូវស្រុកវាលអស់១យប់នោះ
8 គេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅឯដាវីឌនៅក្រុងហេប្រុន ទូលថា បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្រសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងសូល ព្រមទាំងវង្សារបស់ទ្រង់ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ
9 តែដាវីឌទ្រង់មានព្រះបន្ទូលឆ្លើយទៅរេកាប និងប្អាណា ប្អូនគាត់ ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះថា យើងស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ចេញពីគ្រប់ទាំងសេចក្តីវេទនាថា
10 កាលមានម្នាក់មកប្រាប់យើងពីសូលបានសុគតហើយ ដោយស្មានថា ខ្លួននាំដំណឹងល្អណាមួយមកប្រាប់ដល់យើង នោះយើងបានចាក់សំឡាប់វា នៅត្រង់ស៊ីកឡាក់ទៅ ទុកជារង្វាន់ដល់វា ដោយព្រោះដំណឹងដែលនាំមកនោះ
11 ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសំឡាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនត្រូវឲ្យយើងសងសឹក ជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬអី
12 រួចដាវីឌបង្គាប់ដល់ពួកកំឡោះរបស់ទ្រង់ ហើយគេក៏សំឡាប់អ្នកទាំង២នោះទៅ ព្រមទាំងកាត់ដៃកាត់ជើងយកទៅព្យួរនៅក្បែរស្រះត្រង់ហេប្រុន តែគេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុនទៅ។