1 រីឯយ៉ូអាប់ ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះទ័យនឹករឭកដល់អាប់សាឡំម
2 នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា សូមឲ្យអ្នកក្លែងខ្លួន ធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
3 រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។
4 កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេច ក៏ទំលាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង
5 នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្ដីបានស្លាប់ចោលទៅហើយ
6 ហើយខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ មានកូនប្រុស២ វាឈ្លោះគ្នានៅឯចំការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយ១បានវាយ១ស្លាប់ទៅ
7 ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះមានពូជពង្សសល់នៅលើផែនដីឡើយ។