17 នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។
18 នោះស្តេចទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្តីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណា ជាព្រះអម្ចាស់ មានព្រះបន្ទូលឥឡូវនេះចុះ
19 នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្តីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្តីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង
20 យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។
21 រួចពីនោះមក ស្តេចទ្រង់មានព្រះបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
22 នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្តីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់
23 ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ