19 នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្តីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្តីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង
20 យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។
21 រួចពីនោះមក ស្តេចទ្រង់មានព្រះបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
22 នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្តីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់
23 ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ
24 តែស្តេចមានព្រះបន្ទូលប្រាប់ថា ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខអញឡើយ ដូច្នេះ អាប់សាឡំមក៏វិលទៅឯដំណាក់ទ្រង់វិញ ឥតបានឃើញព្រះភក្ត្រស្តេចទេ។
25 រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ