13 គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
14 ដូច្នេះ ដាវីឌទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិម ជាមួយនឹងទ្រង់ថា ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ
15 ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
16 នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ
17 ស្តេចទ្រង់យាងចេញទៅមានទាំងពួកទ្រង់ទាំងអស់ ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
18 ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួន៦០០នាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
19 ស្តេចទ្រង់មានព្រះបន្ទូលសួរអ៊ីតតាយ ជាពួកក្រុងកាថថា ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ