២ សាំយូអែល 16:11-17 KHOV

11 រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា មើល អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេន‌យ៉ា‌មីន​នេះ តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​វា​មក​ហើយ

12 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្តី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្តី​ល្អ​មក​យើង ជំនួស​សេចក្តី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ

13 នោះ​ដាវីឌ​ក៏​យាង​តាម​ផ្លូវ​ទៅ ព្រម​ទាំង​ពួក​ទ្រង់​ផង ឯ​ស៊ីម៉ាយ​វា​ដើរ​តាម​ចង្កេះ​ភ្នំ​ទន្ទឹម​នឹង​ទ្រង់​ដែរ ទាំង​ជេរ​បណ្តើរ ព្រម​ទាំង​ចោល​ថ្ម​ទៅ​លើ​ទ្រង់ ហើយ​បាច‌សាច​ធូលី​ដី​ផង

14 យ៉ាង​នោះ​ស្តេច និង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។

15 រីឯ​អាប់‌សា‌ឡំម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ

16 ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន

17 អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ