16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន
17 អាប់សាឡំមមានព្រះបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ
18 នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ
19 មួយសោតទៀត តើគួរឲ្យទូលបង្គំបានបំរើចំពោះអ្នកណា តើមិនគួរឲ្យបំរើនៅចំពោះព្រះរាជបុត្រាទេឬអី ដូច្នេះ ទូលបង្គំនឹងបំរើនៅចំពោះព្រះករុណា ដូចជាបានបំរើនៅចំពោះព្រះវរបិតាដែរ។
20 នោះអាប់សាឡំមមានព្រះបន្ទូល ទៅអ័ហ៊ីថូផែលថា ចូរបង្ហាញគំនិតរបស់អ្នក ឲ្យយើងដឹងជាធ្វើយ៉ាងណាផង
21 អ័ហ៊ីថូផែលក៏ឆ្លើយថា ដូច្នេះ សូមទ្រង់ចូលទៅឯពួកអ្នកម្នាងរបស់ព្រះបិតាទ្រង់ ដែលបានទុកឲ្យរក្សាដំណាក់ចុះ នោះពួកអ៊ីស្រាអែលទាំងអស់នឹងដឹងថា ព្រះបិតាទ្រង់បានស្អប់ខ្ពើមដល់ទ្រង់ហើយ នោះពួកអ្នកទាំងប៉ុន្មានដែលនៅជាមួយនឹងទ្រង់ គេនឹងបានចំរើនកំឡាំងដៃឡើង
22 ដូច្នេះ គេក៏ដំឡើងត្រសាលនៅលើដំបូលដំណាក់ថ្វាយអាប់សាឡំម រួចទ្រង់ក៏ចូលទៅឯពួកអ្នកម្នាងរបស់បិតាទ្រង់ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញច្បាស់